ក្រុមបៀលប្រាយជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប្រជែងគ្នាយកតំណែងជើងឯក Hun Sen Cup 2014
រាជធានីភ្នំពេញ ៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ Hun Sen Cup លើកទី៨ ឆ្នាំ២០១៣ កាលពីល្ងាចថ្ងៃអាទិត្យ ទី៩ មីនា ក្រុមខ្លាំងប្រចាំខេត្តកំពង់ចាម ចម្ការកៅស៊ូបឹងកេត និងអតីតក្រុមការពារតំណែងជើងឯក ណាហ្គាខប បានធ្លាក់ និងគ្មានឱកាសប្រកួតប្រជែងដណ្តើមកៅអីជើងឯករដូវកាលថ្មីនេះបានឡើយ ក្រោយពីប្រកួតចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមបៀលប្រាយយូណាយធីត ក្នុងលទ្ធផលបច្ចេកទេស០-១ដូចគ្នា លើទីលានពហុកីឡដ្ឋានជាតិតែមួយ ។
ក្រុមបឹងកេត បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ដែលបានមកទស្សនាការប្រកួតផ្ទាល់នៅពហុកីឡដ្ឋានជាតិជាច្រើននាក់ ខកចិត្តយ៉ាងខ្លាំង ដោយសារមិនអាចធ្វើអ្វីក្រុមបៀលប្រាយ បានឡើយ ផ្ទុយទៅវិញបែរជាត្រូវបៀលប្រាយទម្លាក់យ៉ាងអាម៉ាស់មុខទៀតផង ។ ប្រកួតក្នុងតង់ទី១ បៀលប្រាយសហការគ្នាលេងបានយ៉ាងល្អ ដោយមិនបណ្តោយឱ្យបាល់នៅជាប់ជើងកីឡាករក្រុមបឹងកេតស្រួលៗឡើយ ។ ចំពោះឱកាសនៃការស៊ុតបាល់បញ្ចូលទី ក៏ក្រុមបៀលប្រាយមានច្រើនដែរ ប៉ុន្តែធ្វើមិនបានសម្រេចសោះនៅដើមតង់ទី១ ។ ប៉ុន្តែនៅចុងតង់ដដែល ខណៈកីឡាករក្រុមបឹងកេតសម្រុកឡើងទៅលេងខាងលើច្រើនជាងការពារនោះ កីឡាករ ព្រំ ពុទ្ធសិទ្ធី ពាក់អាវលេខ៦ របស់បៀលប្រាយ បានបណ្តើរបាល់ឆ្លងកាត់ខ្សែការពារ រួចស៊ុតបានសម្រេច១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះលើក្រុមបឹងកេតតែម្តង ។
នៅតង់ទី២ ទោះបីជាក្រុមបឹងកេតលេងដាក់គំនាបលើក្រុមបៀលប្រាយយ៉ាងណា ក៏មិនទទួលបានលទ្ធផលអ្វីដែរ ព្រោះកីឡាករក្រុមបៀលប្រាយ បានចុះមកការពារស្ទើរទាំងអស់ទៅហើយ ។ ចប់ការប្រកួត ក្រុមបៀលប្រាយឈ្នះក្រុមបឹងកេត ១-០ ។
ដោយឡែក ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមណាហ្គាខប ក៏បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីប្រកួតពេញម៉ោង៩០នាទី ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់សូម្បី១គ្រាប់ ។ គណៈកម្មការក៏បន្ថែមម៉ោង១៥នាទី ចំនួន២លើកទៀត ដើម្បីកាត់សេចក្តីឱ្យក្រុមទាំង២ ។ ប្រកួតក្នុងម៉ោងបន្ថែម១៥នាទីដំបូង លទ្ធផលស្មើគ្នាដដែល ០ទល់០ ។ លុះចូលដល់ម៉ោងបន្ថែម១៥នាទីលើកទី២ កីឡាករពាក់អាវលេខ១១ ទិត្យ ឌីណា បានរកគ្រាប់បាល់ជ័យជម្នះឱ្យក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅនាទីទី១១៤ ដែលលទ្ធផលនេះគ្មានការប្រែប្រួលទៀតទេ រហូតដល់ចប់ការប្រកួតក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះក្រុមណាហ្គាខប ១ទល់០ ។
ដូច្នេះក្រុមដែលមានឱកាសឡើងទៅប្រកួតដណ្តើមតំណែងជើងឯកនោះ គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមបៀលប្រាយយូណាយធីត រីឯក្រុមដែលប្រកួតចាញ់ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រនេះ ត្រូវជួបគ្នាម្តងទៀត ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ ពោលគឺក្រុមចម្ការកៅស៊ូបឹងកេត ត្រូវជួបជាមួយក្រុមណាហ្គាខប នៅរសៀលថ្ងៃពុធ ទី១២ ខែមីនា ស្អែកនេះ វេលាម៉ោង១៧ និង៣០នាទី ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមបៀលប្រាយយូណាយធីត ត្រូវជួបគ្នានៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃសៅរ៍ ទី១៥ ខែមីនា ដើម្បីប្រជែងយកតំណែងជើងឯករដូវកាលថ្មីនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូច គ្នា ៕
0 comments: