កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាបាល់ទាត់វ័យចំណាស់ប្រចាំឆ្នាំ2014លើកទី6
រាជធានីភ្នំពេញ ៖ នេះជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា និងជាសញ្ញាវិជ្ជមានមួយបង្ហាញឱ្យឃើញថា វិស័យកីឡាបាល់ទាត់កម្ពុជា កំពុងបោះជំហានទៅមុខគួរឱ្យភ្ញាក់ផ្អើល ដោយអ្នកតំណាងមកពីក្លិបកីឡាបាល់ទាត់ IFC ប្រទេសម៉ាឡេស៊ី បានប្រកាសឱ្យដឹងថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់វ័យចំណាស់ប្រចាំឆ្នាំ២០១៤ លើកទី៦ (Sixth Annual Veterans 9s Tournament) ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ ។ ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០១៤ នៅក្នុងការិយាល័យក្រុមហ៊ុន ASKAP Gold Investment ដោយមានការចូលរួមពីលោក Stephan Krupa ជាប្រធានក្លិបកីឡាបាល់ទាត់ IFC នៅប្រទេសម៉ាឡេស៊ី ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា នេះគឺជាកិត្តិយសមួយដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសញ្ញាវិជ្ជមានមួយដែលបង្ហាញឱ្យយើងឃើញថា វិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងឡើងៗហើយ ។ លោកបន្តថា ពិតប្រាកដណាស់ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិនេះ មិនមែនគ្រាន់តែជាព្រឹតិ្តការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចែករំលែក និងផ្លាស់ប្តូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសទៀតនោះ វិស័យទេសចរណ៍បានផ្សារភ្ជាប់ទៅនឹងកីឡាផងដែរ ។
លោករិទ្ធី សំណាង សមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងឱ្យដឹងថា ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់វ័យចាស់ខាងលើនេះ គឺជាឱកាសដែលយើងត្រូវបង្ហាញពីវប្បធម៌របស់ខ្លួនទៅឱ្យពិភពលោកបានស្គាល់តាមរយៈក្រុមបាល់ទាត់មកពីអាហ្វ្រិក, អាមេរិក, ប្រេស៊ីល, អឺរ៉ុប និងប្រទេសផ្សេងៗទៀត ។ នេះគឺជាព្រឹត្តិការណ៍មួយដែលទាក់ទាញខ្លាំងបំផុតពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក ។ លោកបន្តថា លោកគ្រោងអញ្ជើញអតីតកីឡាករជម្រើសជាតិវ័យចាស់ៗរបស់កម្ពុជាប្រមូលផ្តុំគ្នាឡើងវិញ ដោយសម្រាប់កម្ពុជា គឺត្រូវបានផ្តល់ឱ្យចំនួន២ក្រុម ។ មួយវិញទៀតនោះ ក៏ជាការលើកទឹកចិត្តឱ្យកីឡាករក្មេងជំនាន់ក្រោយមានមោទនភាព និងដឹងថា ទោះជាពួកគេចម្រើនដល់វ័យចាស់ ក៏នៅតែអាចប្រឡូកក្នុងវិស័យកីឡាបានដដែល ។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់វ័យចំណាស់លើកទី៦ នេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ ដោយមានក្លិបបាល់ទាត់ចំនួន១៨ក្រុម ដោយក្នុង១ក្រុមមានកីឡាករចំនួន៩នាក់មកពីជុំវិញពិភពលោកចូលរួមប្រកួតនៅលើទីលានស្តាតចាស់ ។ ចំពោះកីឡាករដែលអាចចូលរួមបាន គឺត្រូវកំណត់អាយុចាប់ពី៤០ឆ្នាំឡើងទៅ ។
គួររំឭកថា កាលពីឆ្នាំ២០១៣ ព្រឹត្តិការណ៍អន្តរជាតិខាងលើនេះបានធ្វើឡើងនៅទីក្រុងប៉ាត់តាយ៉ា ប្រទេសថៃ ក្រោមប្រធានបទ «ពិភពនៃភាពរីករាយ និងការកម្សាន្តសប្បាយ» ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងតាមរយៈការជួយជ្រោមជ្រែងពីអាជ្ញាធរប្រចាំតំបន់ ៕
0 comments: